ព្រៃវែង៖ ក្រោមការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និង លោក ចេម ប្រា អភិបាលស្រុកពារាំង បានអនុវត្តគម្រោងដំឡើង អំពូលសូឡា ចំនួន ៣៨០ ដើម តាមផ្លូវសាធារណៈសំខាន់ៗក្នុងស្រុក ដើម្បីលើកកម្ពស់សុវត្ថិភាពសាធារណៈ និងលើកសោភ័ណភាពក្នុងមូលដ្ឋានសាធារណៈ។
ការដំឡើងអំពូលសូឡានេះ ប្រើប្រាស់ថាមពលព្រះអាទិត្យ (Solar Light) ដែលមិនត្រឹមតែផ្គត់ផ្គង់ពន្លឺចែងចាំងនៅពេលយប់ ប៉ុន្តែវាក៏ជាផ្នែកមួយនៃ យុទ្ធសាស្ត្រ “ភូមិ-ឃុំ មានសុវត្ថិភាព” ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនសុវត្ថិភាពសាធារណៈ។
ការដំឡើងអំពូលសូឡានេះគឺដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរមាន សុវត្ថិភាពចរាចរណ៍កាន់តែប្រសើរ អំពូលសូឡាបានផ្ដល់ពន្លឺចែងចាំង នៅលើដងផ្លូវដែលពីមុននេះមានសភាពងងឹតខ្លាំង។ ចំពោះអត្ថប្រយោជន៍នៃការដំឡើងអំពូលសូឡាអាចបន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងជួយអោយអ្នកបើកបរមើលផ្លូវបានច្បាស់នៅពេលយប់។ការពារសកម្មភាពមិនប្រក្រតី
ពន្លឺចែងចាំងនេះអាចជួយបង្ការការជួញដូរ និងសកម្មភាពមិនប្រក្រតីផ្សេងៗ ក្នុងតំបន់សាធារណ:។
ការធ្វើដំណើរពេលយប់កាន់តែងាយស្រួលជាពិសេសចំពោះសិស្សានុសិស្សដែលធ្វើដំណើរចេញពីសាលាពេលយប់ និងប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅទីជិតឆ្ងាយពេលយប់ អាចធ្វើដំណើរបានដោយសុវត្ថិភាព។
មិនតែប៉ុណ្ណោះក៏បានលើកសោភ័ណភាពនៃភូមិ និងឃុំ,អំពូលសូឡាបានធ្វើឲ្យផ្លូវ និងតំបន់សាធារណៈមានទំរង់ស្អាត និងភាពទាក់ទាញ ក៏ដូចជាជួយធ្វើអោយមានភាពទំនាក់ទំនងសង្គមនៅក្នុងសហគមន៍បានល្អ។ បើនិយាយពីអត្ថប្រយោជន៍បរិស្ថានវិញ:ការប្រើថាមពលព្រះអាទិត្យ អំពូលសូឡាជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងធ្វើអោយសម្រស់បរិស្ថានក្នុងពេលរាត្រីកាន់តែស្រស់ស្អាត។
លោក ចេម ប្រា អភិបាលស្រុកពារាំងបានបញ្ជាក់ថា:សម្រាប់ផ្លូវលេខ៣៨២ ដែលមានព្រំប្រទល់ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៨ រហូតដល់ព្រំប្រទល់ស្រុកពោធិ៍រៀង បានបំពាក់អំពូលសូឡាចំនួន២៧០ តែជាក់ស្តែងពេលនេះទើបចាប់ផ្តើមដំឡើងបាន១០០ដើម ដូច្នេះនៅសល់១៧០ដើមទៀតនិងរៀបចំដំឡើងជាបន្តបន្ទាប់ទៀតពេលចូលឆ្នាំរួច។
ដោយឡែកអំពូលសូឡាចំនួន១១០ដើមទៀតនិងត្រូវដំឡើងនៅលើផ្លូវជាតិលេខ៨ ចាប់ពីស្ពានស្នាយពលរហូតដល់ចុងភូមិត្នោត លោកអភិបាលស្រុកក៏បានបញ្ជាក់បន្ថែមទៀតថាចំពោះគំរោងដាក់អំពូលសូឡាបំភ្លឺផ្លូវនេះគឺប្រើប្រាស់ ថវិកាមូលនិធិរបស់រដ្ឋបាលស្រុក និងសប្បុរសជន។
ប្រជាពលរដ្ឋបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់រដ្ឋបាលស្រុក។ ដែលពីមុនផ្លូវខ្លះមានភាពងងឹតខ្លាំង បង្កការភ័យខ្លាច និងអាចមានហានិភ័យក្នុងការធ្វើដំណើរ ឥឡូវនេះ ពន្លឺសូឡាបានផ្តល់ សុវត្ថិភាព និងភាពកក់ក្តៅដែលធ្វើឲ្យប្រជាពលរដ្ឋទាំងអស់មានភាពសុខសាន្តក្នុងការធ្វើដំណើរ និងរស់នៅក្នុងមូលដ្ឋាន។
គម្រោងដាក់អំពូលសូឡានេះ គឺជាគំរូនៃការអភិវឌ្ឍសាធារណៈដែលប្រកបដោយប្រសិទ្ធភាព និងមានចំណូលចិត្តពីសហគមន៍។ រដ្ឋបាលស្រុកពារាំងគ្រោងនឹងពង្រីកគម្រោងទៅតំបន់ផ្សេងៗ និងភូមិផ្សេងៗទៀត ដើម្បីធានាថា ប្រជាពលរដ្ឋទាំងអស់អាច ធ្វើដំណើរដោយសុវត្ថិភាព និងទទួលបានបរិស្ថានដែលស្អាត និងទាក់ទាញ ទៅថ្ងៃអនាគត៕ដោយ: សូ សុខា






