ព្រៃវែង៖ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ហុី ធួក អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍សកម្មភាពការងារដែលបានអនុវត្តកន្លងមក ព្រមទាំងលើកទិសដៅការងារសម្រាប់ខែបន្តបន្ទាប់ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការបម្រើសេវាសាធារណៈ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានភាពរីកចម្រើន។
ឯកឧត្តម អ៊ុ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ ជំរុញដល់មន្ទីរអង្គភាព កងកម្លាំងទាំងបី ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
ជាពិសេសការពង្រឹងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ជាពិសេសការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងភូមិសាស្ត្រខេត្ត។
កិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ ក៏បានធ្វើការអនុម័តលើរបាយការណ៍មួយចំនួនមាន៖
១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។
២- ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២៦ និងទិសដៅការងារខែបន្ទាប់របស់រដ្ឋបាលខេត្តព្រៃវែង។
៣- សេចក្តីរាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត:
-ការិយាល័យប្រជាពលរដ្ឋ
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
៤- បញ្ហាផ្សេងៗ៕







