ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាមហាជន ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៧ (៧ មករា ១៩៧៩-៧ មករា ២០២៦) នៅកីឡដ្ឋានខេត្តព្រៃវែង។
ពិធីនេះមានការចូលរួមពី ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកទាំង១៣ នៃខេត្តព្រៃវែង ប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានអង្គភាពពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្តអភិបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត គណៈកម្មការរៀបចំការប្រកួត លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រៃវែង សរុបចំនួន ១.៦៧៨រូប។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ព្រឹត្តិការណ៍កីឡាដើម្បីសុខភាព និងសន្តិភាពនេះ មិនត្រឹមតែជាការហាត់ប្រាណដើម្បីសុខមាលភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរំលឹកនូវស្មារតីចងចាំមិនអាចបំភ្លេចបាន នូវគុណូបការៈដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ឯកឧត្តមអភិសន្តិបណ្ឌិតបានបន្តថា សន្តិភាព និងការអភិវឌ្ឍ បានធ្វើឲ្យប្រជាពលរដ្ឋអាចជួបជុំគ្នាលេងកីឡានិងធ្វើសកម្មភាពនានាដោយគ្មានការភ័យខ្លាច គឺជាសក្ខីភាពនៃ “ផ្លែផ្កានៃសន្តិភាព” ដែលបានមកពីថ្ងៃជ័យជម្នះ ៧ មករា។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិតបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ រដ្ឋបាលខេត្តព្រៃវែង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាបង្កើតកម្មវិធី ដ៏មានសារសំខាន់នេះឡើង ដែលយើងអាចមកជួបជុំគ្នា ដើម្បីអបអរថ្ងៃ ជ័យជំនះ ៧មករាខួបលើកទី៤៧ផងដែរ៕









