ព្រៃវែង៖ នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦ ក្នុងស្មារតីយកចិត្តទុកដាក់ និងលើកកម្ពស់សុខុមាលភាពជនមានពិការភាព ឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ ក៏ដូចជាផ្តល់អំណោយមនុស្សធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋជាជនមានពិការភាពចំនួន ៥០នាក់ ដែលកំពុងអញ្ជើញមកទទួលសេវាស្ដារលទ្ធភាពពលកម្មកាយសម្បទា ខេត្តព្រៃវែង។
ក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្ដម រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែគិតគូរពីជីវភាពរស់នៅ និងការលំបាករបស់បងប្អូនជនមានពិការភាពនៅគ្រប់ទីកន្លែង។ ឯកឧត្ដម រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានមានប្រសាសន៍លើកទឹកចិត្តដល់បងប្អូនទាំងអស់ កុំឱ្យមានការបាក់ទឹកចិត្ត ឬមានអារម្មណ៍ឯកោ ព្រោះរាជរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ក្នុងការគាំទ្រ និងផ្តល់ឱកាសស្មើៗគ្នាក្នុងសង្គម។
សកម្មភាពនេះមិនត្រឹមតែជាការជួយសម្រាលការលំបាកផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីសាមគ្គីភាព និងការផ្តល់តម្លៃដល់មនុស្សគ្រប់រូបក្នុងសង្គម ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ៕





