ខេត្តសៀមរាប យើងសង្គេតឃើញថា នៅក្នុងអំឡុងដំណាច់ខែចេត្រចូល ទៅខែពិសាខនេះ ឃើញថា តាមបណ្តាវត្តមួយចំនួន នៅ ខេត្តសៀមរាប បានប្រារព្វធ្វើពិធីបុណ្យឆ្លងចេត្រជាបន្តបន្ទាប់ ព្រោះពិធីបុណ្យនេះ ជាទំនៀមទម្លាប់ ដ៏មានអត្ថន័យសម្រាប់ពួកគាត់ ។ ជាក់ស្តែងកាលពីចុងសប្តាហ៍រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការ និង ព្រះសង្ឃ វត្តប្រាសាទអណ្តែត (ហៅវត្តសន្លោង)ស្ថិតនៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានរៀបចំធ្វើពិធីបុណ្យឆ្លងចេត្រ ទៅតាមទំនៀមទម្លាប់ដែលបងប្អូនប្រជាពុទ្ធបរិស័ទ បានគោរពប្រតិបត្តិតរៀងមក ។
ព្រះគ្រូវិចិត្រធម្មវិសុទ្ធ ប៉យ ប៉ ព្រះគ្រូចៅអធិការវត្តប្រាសាទអណ្តែត បានមានថេរៈដីកាឲ្យដឹងថា ពិធីឆ្លងចេត្រនេះសម្រាប់វត្តប្រាសាទអណ្តែត តែងតែធ្វើឡើងជាបន្តបន្ទាប់តាំងពីបុរាណកាលតរៀងមក។ សម្រាប់ឆ្នាំនេះឃើញថា ប្រជាពុទ្ធ បរិស័ទ មកពីគ្រប់ទិសទីច្រើនជាងបណ្តាឆ្នាំមុនៗ បានមកចូលរួមក្នុងពិធីបុណ្យឆ្លងចេត្រនេះ ក្រៅពីកម្មវិធីសាសនា និងជំនឿ ក៏មានរៀបចំកម្មវិធីកម្សាន្តសប្បាយជាច្រើនផងដែរ ។ ព្រះអង្គបានបន្តថា បច្ចុប្បន្ននេះ នៅក្នុងខេត្តសៀមរាប នៅមានវត្តមួយចំនួន ដែលនៅមានរៀបចំពិធីបុណ្យឆ្លងចេត្រនេះ ។ ដូចនេះ ដោយសារតែជាទំនៀមទម្លាប់ និងជំនឿរបស់ប្រជាពលរដ្ឋនៅតំបន់នេះផងនោះ ព្រះអង្គចង់ឲ្យពុទ្ធបរិស័ទរួមគ្នាថែរក្សាពិធីបុណ្យឆ្លងចេត្រ ដែលជាទំនៀមទម្លាប់ ដ៏មានអត្ថន័យរបស់អ្នករស់នៅតំបន់អង្គរឲ្យនៅយូអង្វេងតទៅទៀត និងបានឲ្យកូនចៅជំនាន់ក្រោយៗទៀតបានឈ្វេងយល់ និងបន្តធ្វើទៅមុខទៀត។
សូមបញ្ជាក់ថា មានមនុស្សច្រើនណាស់ ពុំទាន់យល់ពីអត្ថន័យនៃពិធីបុណ្យឆ្លងចេត្រនេះ តែងឆ្ងល់ថា ឆ្លងយ៉ាងម៉េចទៀត បើទើបនឹងឆ្លងឆ្នាំថ្មីហើយថ្មីៗ ។ ជាការពិតទៅ បើបានអញ្ជើញចូលរួមពិធីនេះនៅភូមិណាមួយ យើងនឹងយល់ថាឆ្នាំ ចំពោះអ្នកស្រុកអាចថា មានពីរក៏សឹងថាបាន ។ ឆ្នាំមួយនោះគឺឆ្នាំនៃប្រតិទិន ពោលគឺឆ្នាំដែលមានពេលចប់ឆ្នាំចាស់ ចូលឆ្នាំថ្មីច្បាស់លាស់ដូចគ្នាជាទូទៅក្នុងប្រទេស មិនត្រឹមតែប៉ុណ្ណោះ ដូចគ្នានឹងប្រទេសដទៃទៀតមួយចំនួនផង។ រីឯឆ្នាំដែលទាក់ទងនឹងរឿងឆ្លងចេត្រនេះ បើនិយាយឲ្យចំជាងនេះ គឺ «វដ្តស្រូវ» ឬថា «រដូវ» ធ្វើស្រែក៏បាន ។ ដូច្នេះហើយបានជាថ្ងៃដែលរើសយក មកធ្វើបុណ្យឆ្លងចេត្រនោះតែងតែខុសគ្នាបន្តិចបន្តួចពីភូមិមួយទៅភូមិមួយក្នុងតំបន់អង្គរជាមួយគ្នា ដ្បិតវេលាក្នុងរដូវមិនតម្រូវពេលណា ថ្ងៃណាដាច់ណាត់ ខុសមួយថ្ងៃក៏ពុំបាននោះឡើយ។ «ឆ្លងចេត្រ» នៅទីនេះគ្រាន់តែមានន័យថា ឆ្លងផុតពីខែចេត្រចូលទៅខែពិសាខ ដែលជាខែចាប់ផ្តើមធ្លាក់ភ្លៀង ពោលគឺខែដែលប្រជាកសិករ កៀងគោ ក្របីនៅព្រៃរនាម មកកាន់ភូមិដ្ឋានត្រៀមលក្ខណៈ ដើមី្បដាស់ដីភ្ជួររាស់ធ្វើស្រែវស្សា ។ បើគិតតាមប្រតិទិនឲ្យចំនោះ មិនមែនមានន័យថា ធ្វើនៅដាច់ខែចេត្រ ចូលទៅថ្ងៃមួយកើតខែពិសាខនោះឡើយ ធ្វើខុសពីពេលនោះមួយអាទិត្យ ពីរអាទិត្យក៏បាន ដ្បិតន័យពិតប្រាកដ គឺចប់រដូវធ្វើស្រែមួយជាស្ថាពរហើយ ហើយចូលទៅរដូវធ្វើស្រែមួយថ្មីភ្លាម ៕










