ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចូលរួមប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិ និងដណ្ដើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤ ឆ្នាំ២០២៦

កំពង់ធំ÷ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរកីឡាករក្លឹបកីឡាបាល់ទះ អាចារ្យលាក់ ខេត្តកំពង់ធំ ចូលរួមប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិ ស្ថិតនៅវិមាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦។ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងអំណរគុណចំពោះលោកគ្រូបង្វឹក ដែលបានចំណាយពេលវេលា ដ៏មានតម្លៃហ្វឹកហាត់ ដល់កីឡាករ នាពេលកន្លងមក ដើម្បីត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិ និងដណ្ដើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤នាថ្ងៃខាងនេះ។លោកឧត្តមសេនីយ៍ទោ ហេង សុផល បានគូសបញ្ជាក់អំពី អត្ថប្រយោជន៍ នៃការលេងកីទ្បា÷ ទី១-ចង់អោយយុវជន ដែលស្រលាញ់វិស័យកីឡា ចូលចិត្តលេងកីឡា ដើម្បីសុខភាព បង្កើនមិត្តភាព ចៀសផុតពីការប្រព្រឹត្តអំពើ ដែលសង្គមស្អប់ខ្ពើម។ ទី២-ជួយដល់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ពិសេសអ្នកលេងកីឡា មានសុខភាពល្អ កាយសម្បទារឹងមាំ អង់អាច ឆន្ទ: មោះមុត អំណត់ អត់ធ្មត់ ពុះពារព្យាយាម នាំយកនូវវិន័យ សេចក្តីថ្លៃថ្នូរ។ ទី៣-បង្ករលក្ខណ:ឱ្យយុវជន បានជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាពជាមួយគ្នា ចេះរស់នៅក្នុងសង្គម បណ្ដុះគំនិតស្រឡាញ់ជាតិ និងស្នេហាជាតិ។ទី៤-បង្កើតឱកាស ដល់យុវជន មានកត្តាសាមគ្គីភាពគ្នា ចេះធ្វើការងារជាក្រុម មានស្មារតីទទួលខុសត្រូវ ទទួលបានបទពិសោធន៍ ថ្មីៗ បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង ឱ្យកាន់តែល្អប្រសើរឡើង។ក្នុងឱកាសនោះលោក ស្នងការ បានឧបត្ថម្ភថវិកាមួយចំនួនដល់ក្លឹបកីឡាករ និងផ្ដាំផ្ញើដល់ប្អូនៗ ត្រូវថែទាំសុខភាព មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពវិន័យ បទបញ្ជា គោរពគ្នាទៅវិញទៅមក យកចិត្តទុកដាក់អំពីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ មានរបៀបរៀបរយ ខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីដណ្ដើមយកជ័យលាភីជូនថ្នាក់ដឹកនាំអង្គភាព និងអ្នកគាំទ្រចំពោះក្លឹបយើងផងដែរ ។សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់ សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤ ឆ្នាំ២០២៦  ចាប់ផ្ដើមប្រកួតនៅថ្ងៃទី០៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនាឆ្នាំ២០២៦ មានចំនួន៤០ក្រុម បុរស នារី ចែកចេញជា០៨ពូលផងដែរ៕