កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានអះអាងថា នៅក្នុងខេត្តកំពង់ចាមមានសាសនា ចំនួន៤ ដែលប្រជាពលរដ្ឋគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរក្រោមម្លប់សន្តិភាពជាតិ ថ្លែងបែបនេះក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនពលរដ្ឋខ្មែរ-ឥស្លាម នៅឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ ប្រជាជនទូទៅ ដោយឈរលើមូលដ្ឋាននៃការ ពង្រឹងសុខដុមនីយកម្មរវាងសាសនិកនៃគ្រប់និកាយ សាសនា ប្រឆាំងរាល់ទង្វើរើសអើងនានា សំដៅទប់ស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នៅក្នុងខេត្តកំពង់ចាម មានសាសនា ចំនួន៤ គឺ ព្រះ ពុទ្ធសាសនា ឥស្លាមសាសនា គ្រិស្តសាសនា និងពុទ្ធសាសនាមហាយាន ដែលកំពុងធ្វើសកម្មភាព សាសនាយ៉ាងទូលំទូលាយ ប្រកបដោយសុខដុមរមនា ពុំដែលមានអធិករណ៍ អន្តរសាសនាកើត ឡើងឡើយ ហើយនេះពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋកម្ពុជា ដែលគោរពកាន់ សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីភាពគ្នាយ៉ាងល្អប្រសើរ។ ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូន ខ្មែរឥស្លាមកម្ពុជា ដែលមានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ជាស្ថាបនិកសន្តិភាពតាំងពីដើមតរៀងមក ក្នុងបុព្វហេតុប្រទេសជាតិ សាសនា និងប្រជាជន គ្រប់ស្រទាប់ ព័ណ៌សម្បុរ និងជាតិសាសន៍ផងដែរ ៕




