សៀមរាប: ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ លោកអ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាបបានអញ្ជើញដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំងនិងស្រាវជ្រា វនិងបង្រ្កាប បទល្មើសធនធានធម្មជាតិ ស្ថិតក្នុងឃុំពង្រលើ និងឃុំខ្វាវ ស្រុកជីក្រែង ខេត្ដសៀមរាប ដោយការចុះពិនិត្យនេះមានការចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូប។ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យនិងបង្ក្រាប ទីតាំងជាក់ស្ដែងកន្លែងសិប្បកម្ម និងឡដុតធ្យូងនៅភូមិសាស្រ្ដឃុំពង្រលើ និងឃុំខ្វាវ ស្រុកជីក្រែងខេត្ដសៀមរាប លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដបានធ្វើការណែនាំដល់ម្ចាស់សិប្បកម្មទាំងអស់ត្រូវរុះរើម៉ាស៊ីនសម្រាប់ធ្វើសិប្បកម្មដែលមិនមានច្បាប់អនុញ្ញាតចេញពីតំបន់ការពារបរិស្ថានធម្មជាតិ នៅក្រៅតំបន់ការពារបរិស្ថានធម្មជាតិ ដើម្បីកុំឱ្យជាប់ពាក់ព័ន្ធនឹងករណីសុំរឿងតុលាការ ជាមួយគ្នានេះលោកក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន មន្រ្ដីជំនាញ ត្រូវធ្វើកិច្ចសន្យាជាមួយពួកគាត់ក្នុងការកំណត់ពេលវេលាឱ្យបានច្បាស់លាស់ក្នុងការដកចេញនូវម៉ាស៊ីនកែច្នដែលខុសច្បាប់របស់សិប្បកម្មទាំងអស់ករណីដែលមិនធ្វើតាមនោះនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមានដោយមិនមានករណីណាមួយលើកលែងឡើយ ។យោងទៅតាមសំណូមពររបស់មេភូមិទាំង៦ក្នុងឃុំពង្រលើ សូមសំណូមពរដល់អាជ្ញាធរ និងមន្រ្ដីជំនាញ មុននឹងកម្ទេចកន្លែងសិប្បកម្មនិងឡដុតដែលខុសច្បាប់ សូមទុករយៈពេលកំណត់ណាមួយដើម្បីឱ្យពលរដ្ឋមានពេលគ្រប់គ្រាន់សម្រាប់ការរុះរើ។ លោកអភិបាលរងខេត្ដ បន្ដថា ចំពោះពលរដ្ឋមានឡដុតយកធ្យូង លោកអភិបាលរងខេត្ដបានធ្វើការណែនាំដល់មន្រ្ដីជំនាញដែលទទួលបន្ទុកថា ករណីដែលឡដុតយកធ្យូងហើយត្រូវកម្ទេចចោលទាំងអស់ ហើយឡដុតយកធ្យូងណាដែលកំពុងដុត ត្រូវហៅម្ចាស់មកណែនាំ និងធ្វើកិច្ចសន្យាដើម្បីឱ្យពួកគាត់រុះរើឡដុតដោយខ្លួនឯង បន្ទាប់ពីដុតយកធ្យូងហើយនឹងធ្វើការវាយកម្ទេច។ក្នុងករណីនេះ អាជ្ញាធរខេត្ដក៏បានធ្វើការណែនាំដលើមន្រ្ដីជំនាញដែលទទួលបន្ទុកក្នុងកិច្ចការនេះត្រូវបន្ដតាមដាន និងចុះពិនិត្យទីតាំងដែលបានធ្វើកិច្ចសន្យាជាមួយម្ចាស់សិប្បកម្ម និងម្ចាស់ឡដុតយកអុស ដើម្បីប្រាកដថាពួកគាត់បានអនុវត្ដតាមកិច្ចសន្យាបានត្រឹមត្រូវ។គូសបញ្ជាក់ថា ក្រុមការងារបានចុះពិនិត្យទីតាំងឡដុតយកធ្យូង និងរោងសិប្បកម្មកែច្នៃ ទាំងអស់ក្នុងភូមិទាំង៦ក្នុងឃុំពង្រលើ និងក្នុងឃុំខ្វាវដោយបានដកហូតចំពោះឧបករណ៍កែច្នៃដែលខុសច្បាប់ ដែលផុតកិច្ចសន្យា ហើយនៅតែបន្ដធ្វើ៕




