សម្តេចបវរធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាការពារអធិបតេយ្យភាពតាមផ្លូវទូត និងកំពុងប្រមូលធនធានដោះស្រាយទុក្ខលំបាកពលរដ្ឋរងគ្រោះដោយជម្លោះព្រំដែន

នាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសមួយជូនជនរួមជាតិ ដោយបានសម្តែងនូវការយល់ចិត្តយ៉ាងជ្រាលជ្រៅចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបានគូសបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយប្រកាន់យកមធ្យោបាយការទូត និងច្បាប់អន្តរជាតិជាគោល។

នៅក្នុងសារពិសេសនេះ សម្តេចធិបតី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលយល់ច្បាស់ណាស់អំពីផលវិបាក និងទុក្ខលំបាកនានារបស់បងប្អូនជនរួមជាតិ ជាពិសេសប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ផ្ទាល់ពីស្ថានភាពនៅតាមបណ្តោយព្រំដែន។

សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «…ជាមួយនឹងការអនុវត្តនូវគ្រប់មធ្យោបាយ ជាពិសេសមធ្យោបាយការទូត និងច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ស្របតាមស្មារតីនៃសេចក្តីថ្លែងការរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥…»។

ទន្ទឹមនឹងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែននេះ សម្តេចធិបតី ក៏បានអះអាងពីការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋផងដែរ។ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងប្រើប្រាស់គ្រប់កម្លាំង និងធនធានសរុប ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ រួមមានបណ្តាប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន។

បេសកកម្មនៃការកៀរគរធនធាននេះ គឺក្នុងគោលបំណងដើម្បីចុះជួយសម្រាលទុក្ខលំបាក និងដោះស្រាយរាល់បញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ទាំងសម្រាប់ដំណោះស្រាយក្នុងរយៈពេលខ្លីចំពោះមុខ ក៏ដូចជាផែនការសម្រាប់រយៈពេលមធ្យម និងវែងផងដែរ។

សារពិសេសនាយប់នេះ គឺជាការផ្ញើសារផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសអ្នកនៅតំបន់ព្រំដែន ថាប្រមុខរាជរដ្ឋាភិបាលកំពុងតាមដាន និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីការពារជាតិ និងថែរក្សាសុខទុក្ខរបស់ប្រជាជន៕