សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយសរុបចំនួន ៤៥លានដុល្លារដល់ប្រទេសកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ។
ក្នុងចំណោមថវិកាទាំង៤៥លានដុល្លារនេះ គឺថវិកាចំនួន ១៥លានដុល្លារ នឹងត្រូវប្រើប្រាស់លើការធ្វើឱ្យមានស្ថិរភាពនៅតំបន់ព្រំដែន និងជួយដល់ជនភៀសសឹក ។ ចំពោះថវិកាចំនួន ១០លានដុល្លារ សម្រាប់ការដោះមីន ។ ចំណែកថវិកាចំនួន ២០លានដុល្លារ សម្រាប់ការការងារប្រឆាំងនឹងការឆបោកតាមអនឡាញ ជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ។
ការផ្តល់ជំនួយនេះ គឺតាមការឱ្យដឹងពីឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ តាមប្រព័ន្ធ Zoom ។
សូមបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងការខូចខាតហេដ្ឋានរចនាសម្ព័ន្ធក្នុងពេលផ្ទុះជម្លោះព្រំដែនកម្ពុជា-ថៃនេះដែរ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ប្រធានក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលរងការខូតខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដឹកនាំដោយឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពជាក់ស្តែងរបស់ពលរដ្ឋកំពុងស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលជំរំភៀសសឹក និងផ្លូវថ្នល់ សាលារៀន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតមួយចំនួន ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ ជាពិសេសនៅភូមិព្រៃចាន់ ។
ហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត រួមមាន ៖ លំនៅឋានពលរដ្ឋ សាលារៀន មូលដ្ឋានសុខាភិបាលសាធារណៈ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី ក្នុងភូមិសាស្រ្តដែលរងការឈ្លានពានពីថៃ និងការធ្វើអាទិភាវូបនីយកម្មនៃការងារស្តារឡើងវិញ និងកំណត់ទំហំថវិកា ព្រមទាំងធនធានតាមតម្រូវការចាំបាច់ជាក់ស្តែង សម្រាប់អនុវត្តកម្មវិធីជំនួយសង្គមសម្រាប់ការស្តារជីវភាព និងគម្រោង ឬកម្មវិធីស្តារហេដ្ឋារចនាសម្ព័ន្ធដែលបានកំណត់ និងសម្របសម្រួលជាមួយស្ថាប័នដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយ ព្រមទាំងវិស័យឯកជននានា៕

